ស្នាព្រះហស្ថព្រះមហាក្សត្រខ្មែរសម័យអង្គរ ឆ្នាំ ៩៤៤ (មានស្តេច ៨អង្គ)
១. ព្រះបាទរាជេន្រ្ទវរ្ម័នទី២ (៩៤៤
ដល់ ៩៦៨) ការវិលត្រឡប់មកយសោធរបុរៈវិញ
ប្អូនស្រីរបស់ព្រះបាទយសោវរ្ម័នទី១
មួយអង្គព្រះនាមហេន្រ្ទទេវី បានរៀបរាជាភិសេកជាមួយស្តេចមហេន្រ្ទវរ្ម័ន
ហើយមានព្រះរាជបុត្រដែលមានព្រះនាមថារាជេន្រ្ទវរ្ម័នទី២។
ព្រះអង្គឡើងសោយរាជសម្បត្តិតពីព្រះបាទហស៌វរ្ម័នទី២
តែព្រះអង្គមិនគង់នៅកោះកេរ្តិ៍តទៅទៀតទេ ព្រះអង្គបានផ្លាស់រាជធានីពីកោះកេរ្តិ៍ត្រឡប់មករាជធានីសោធរបុរៈវិញ
ដោយនាំយកទាំងទេវរាជមកជាមួយវិញផង។ តាមការបញ្ជាក់បានឲ្យដឹងថា ស្តេចមហេន្រ្ទវរ្ម័ន
ជាស្តេចសោយរាជ្យនៅឯភវបុរៈជារាជធានីចេនឡា
ដែលបានតាំងនៅជារដ្ឋឯករាជ្យមួយក្រោយការចូលទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី១។
ហើយព្រះអង្គត្រូវមានអំណាចគ្រប់គ្រងធំទូលាយជាងព្រះរាជាមុនៗ
ដោយបានទទួលមត៌កពីបិតា គឺទឹកដីភវបុរៈផង និងមត៌កខាងមាតាផង គឺនៅឯអង្គរ។
នៅឆ្នាំ៩៥២ ព្រះបាទរាជេន្រ្ទវរ្ម័នទី២ ព្រះអង្គបានកសាងនៅកណ្តាលសោធរតដាក
នូវប្រាសាទមេបុណ្យខាងកើតដើម្បីថ្វាយចំពោះព្រះមាតាបិតាចំពោះបុព្វបុរសផ្សេងៗ
និងចំពោះសិវលិង្គរាជេន្រ្ទស្វរ នៅប្រាង្គកណ្តាលក្នុងចំណោមប្រាង្គទាំង៥ តំរៀបដូចមុខអាប៉ោង។ នៅឆ្នាំ ៩៦១ បាទរាជេន្រ្ទ-វរ្ម័នទី២
បានកសាងប្រាសាទប្រែរូបនៅខាងត្បូងយសោធរតរតដាក។ នេះជាប្រាសាទភ្នំទីពីររបស់ព្រះអង្គ
មានប្រាង្គ៥ដូចនៅមេបុណ្យខាងកើត។ នៅក្នុងប្រាង្គប្រាសាទមានតម្កល់លិង្គរាជេន្រ្ទភទ្រេ-ស្វរ
(ភទ្រេស្វរជាព្រះឥសូរដែលគេគោរពតាំងពីសម័យចេនឡាដើម)។
នៅក្នុងប្រាង្គប្រាសាទ ទិឦសាន មានតម្កល់លិង្គរាជេន្រ្ទម៌េស្វរ ជាលិង្គទេវរាជឯប្រាង្គឯទៀត គឺឧទ្ទិស ចំពោះព្រះញាតិវង្ស របស់ព្រះអង្គ។
ហើយម្យ៉ាងទៀត អ្នកសិក្សាស្រាវជ្រាវតែងតែមានចម្ងល់ថា
ហេតុអ្វីបានជាព្រះបានជាព្រះបាទរាជេន្រ្ទវរ្ម័នទី២ បានកសាងប្រាសាទភ្នំដល់ទៅពីរ
ហើយមានទ្រង់ទ្រាយដូចគ្នា។ បញ្ហានេះគេបានយល់ឃើញថា ស្ថានភាពរបស់ប្រាសាទមេបុណ្យនៅកណ្តាលបារាយ៍ ជាឧបសគ្គមួយនៅក្នុង ការប្រារព្វធ្វើពិធីសាសនាផ្សេង
ទើបព្រះអង្គសាងប្រាសាទភ្នំពីរឡើង។ ក្នុងរជ្ជកាលរបស់ព្រះអង្គ
មានការកសាងផ្សេងៗទៀតដោយពួកព្រាហ្មណ៍ និងពួកមន្ត្រីជាន់ខ្ពស់។ នៅឆ្នាំ ៩៤៦
កវីន្រ្ទរីមថនបានកសាងប្រាសាទបាតជុំ ដើម្បីជាការឧទ្ទិសចំពោះព្រះពុទ្ធ ព្រះវជ្រេបាណ៌
(ពោធិសត្វ១អង្គក្នុងពុទ្ធសាសនាមហាយាន) និងព្រះនាងប្រជាបារមិតា (ទេព្តាស្រី)។
ក្នុងវិស័យសង្គ្រាម
គេដឹងថានៅឆ្នាំ ៩៤៥-៩៤៦ ព្រះបាទរាជេន្រ្ទវរ្ម័នទី២
បានធ្វើចម្បាំងជាមួយប្រទេសចំប៉ា
ក្នុងចម្បាំងនេះព្រះអង្គបាននាំមកវិញនូវ បដិមាធ្វើពីមាសតម្កល់ក្នុងប្រាសាទពោនគរនៅកៅឋារៈ (ញ៉ាត្រាង)
ដែលពួកចាមបានដណ្តើមយកទៅ។ នៅគ.ស ៩៦៧ ព្រះគ្រូជ្ញរាហៈ
បាន កសាងប្រាសាទបន្ទាយស្រី (ត្រិភូវនមហេស្វរ) ដែលស្ថិតនៅខាងជើងក្នុងយសោធបុរៈ ។
២. ព្រះបាទជ័យវរ្ម័នទី៥ (៩៦៨ ដល់ ១០០១)
ព្រះបាទជ័វរ្ម័នទី៥
ជារាជបុត្ររបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានឡើងសោយរាជ្យស្នងនៅពេលដែលព្រះអង្គមានវ័យនៅក្មេងនៅឡើយ
ព្រោះដល់ឆ្នាំ៩៧៤ ទើបព្រះអង្គបានបញ្ចប់ការអប់រំជាមួយព្រះគ្រូ។
សមិទ្ធិផលសំខាន់របស់ព្រះអង្គ គឺការកសាងក្រុងថ្មីមួយហៅថាជយេន្រ្ទនគរី
ដែលមានភ្នំហេមគិរីនៅចំកណ្តាល ហើយដែលតាមការប៉ាន់ស្មាន គេថាត្រូវនឹងប្រាសាទភ្នំតាកែវ។
ហើយគេកំណត់សម្គាល់ថាព្រះរាជា
និងពួកមន្ត្រីជាន់ខ្ពស់សុទ្ធតែកាន់សាសនាព្រះឥសូរ។ ប៉ុន្តែក្នុងរជ្ជកាលនេះ
ក៏ដូចជាក្នុងរជ្ជកាលមុនៗ ព្រះពុទ្ធសាសនាក៏មានគេគោរពបូជាផងដែរ។ ព្រះបាទជ័យវរ្ម័នទី៥ សោយទីវង្គតនៅ គ.ស ១០០១
បន្ទាប់ក្មួយរបស់ព្រះអង្គ ព្រះនាមឧទិយាទិត្យវរ្ម័នទី១ ឡើងសោយរាជបន្តរយៈពេលប៉ុន្មានខែ ក៏សោយទីវង្គត (១០០២)។
៣. ព្រះបាទសូរ្យវរ្ម័នទី១ (១០០២ ដល់ ១០៥០)
បន្ទាប់ពីព្រះបាទឧទិយាទិត្យវរ្ម័នទី១
សោយទីវង្គតទៅតាមសិលាចារឹកនិយាយថា មានស្តេចពីរប្រណាំងប្រជែងគអំណាចគ្នាក្នុងការដណ្តើមរាជគឺ
មួយនាមជ័យវីរវរ្ម័ន (មិនស្គាល់ប្រវត្តិច្បាស់ ១០០២-១០០៦) ហើយមួយព្រះអង្គបន្ទាប់គឺ
សូរ្យវរ្ម័នទី១ ហើយព្រះអង្គបានតាំងនៅតំបន់ខាងកើត (សម្បូរ ក្រចេះ និងកំពង់ធំ )។
នៅចន្លោះឆ្នាំ១០០៥-១០០៧ ព្រះបាទសូរ្យវរ្ម័នទី១
បានលើកទ័ពចូលវាយក្រុងអង្គរ ដោយទទួលបានជោគជ័យនៅឆ្នាំ ១០១០
ប៉ុន្តែមានសិលាចារឹកផ្សេងទៀត បាននិយាយថា ព្រះអង្គឡើងសោយរាជ្យតាំងពីឆ្នាំ ១០០២
គឺដំណាលគ្នានឹងជ័យវរ្ម័នម្លេះ។ សិលាចារឹកខ្មែរ នៅសាលសូងក្នុងទឹកដីសៀមសព្វថ្ងៃ
ចុះកាលកំណត់ (១០២២ ១០២៥) បានឲ្យដឹងថា ក្នុងរជ្ជកាលរបស់ព្រះអង្គ
ពួកកាន់សាសនាព្រាហ្មណ៍ និងពួកកាន់ពុទ្ធសាសនានៃយានទាំងពីរបានរួមសុខសាន្តជាមួយគ្នា។
ការកសាងរបស់ព្រះអង្គគឺ
រៀបចំទីក្រុងថ្មីមួយ គឺទីក្រុងអង្គរទី២ ដែលត្រូវនឹងទីតាំងប្រាសាទបាពួន។
ក្នុងវិស័យសំណង់នៅក្រុងថ្មីនេះ ព្រះបាទសូរ្យវរ្ម័នទី១
បានបង្ហើយក្នុងការកសាងប្រាសាទភិមានអាកាស ប្រាសាទតាកែវ និង គោបុរនៃរាជាវាំង។
ក្រៅពីនេះ គឺប្រាសាទភ្នំជីសូរ ផ្នែកខ្លះនៃប្រាសាទព្រះវិហារ
និងប្រាសាទព្រះខ័នកំពងស្វាយ។ មិនតែប៉ុណ្ណោះ ព្រះអង្គបាន
កសាងវត្តដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា ដោយបញ្ជាក់ថាព្រះអង្គយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនាយ៉ាងខ្លាំង។
ក្នុងវិស័យនយោបាយក្រៅប្រទេស
ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ បានធ្វើការពង្រីកទឹក ដីឆ្ពោះទៅខាងលិច។
ព្រឹត្តិការណ៍ទាំងនេះ កាលប្បវត្តិជាភាសាបាលីនៅឈៀងម៉ៃ
បានកត់ត្រា ទុកដូចជាឆាម្មទេវីវង្ស (ចងក្រងនៅ ស.វទី១៥) ជិនកាលមាលី (គ.ស១៥១៦)
និងមូលសានសន។
ប៉ុន្តែបើយើងផ្អែកដំណែល
ខាងបុរាណវត្ថុវិញ ចំពោះការវាតទឹកដីរបស់ខ្មែរក្នុងសម័យនោះ អំណាចនេះមាននៅហ្លួងព្រះបាង
នៅលើទន្លេមេគង្គ និងសុខោទ័យ សុវណ្ណលោក និង ទន្លេមេណាមទេ។
តាមសិលាចរិកខ្លះហៅព្រះបាទសូរ្យវរ្ម័នទី១ ថាជាព្រះចៅអធិរាជ និង ជាអ្នកទ្រទ្រង់ផែនដី។
ព្រះបាទសូរ្យវរ្ម័នទី១ ទ្រង់ចូលទីវង្គតនៅ គ.ស ១០៥០ ដោយមាន មរណនាម ថាបរមនិពា្វនបទ។
៤.ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០
ដល់ ១០៦៦)
ព្រះអង្គជាបុត្រច្បងរបស់ព្រះបាទសូរ្យវរ្ម័នទី១
លុះបានទទួលព្រះរាជសម្បត្តិហើយព្រះអង្គលើព្រាហ្ម បុរោហិតនៃទេវរាជនាមសទាសិវជយេន្ទ្របណ្ឌិតម្នាក់
ដែលបិតារបស់ព្រះអង្គបានរៀបអភិសេក ជាមួយប្អូនថ្លៃស្រីរបស់ព្រះអង្គម្នាក់ ឲ្យឡើងជាឋានៈធុលីជេងវ្រះកម្រតេងអញស្រីជយេន្រ្ទវរ្ម័ន។
ដោយអនុវត្តតាមគំនិតរបស់ព្រះគ្រូនេះហើយទើបព្រះអង្គទ្រង់ បានកសាងប្រាសាទភ្នំថ្មីមួយទៀត
គឺប្រាសាទបាពួននៃក្រុងអង្គរទី២បន្តពីព្រះបាទសូរ្យវរ្ម័នទី១។
ក្រុងនេះមានកំពែងដីព័ទ្ធជុំវិញ ហើយស្ថិតនៅប្រហាក់ប្រហែលនឹងកន្លែងនៃក្រុងអង្គរទី៤
ទីតាំងក្រុងរបស់ព្រះបាទជ័យវរ្ម័នទី៧។ ហើយជាមួយគ្នានោះទ្រង់បានជីកបារាយណ៍ដែលមានមកពីមុន
គឺបារាយណ៍ខាងលិច ឬហៅថាបារាយ-ណ៍ទឹកថ្លា (បណ្តោយ ៨គ.ម ទទឹង២.២គ.ម)។
នៅចំកណ្តាលបារាយណ៍នោះ ព្រះអង្គបានកសាងប្រាសាទមួយ (មេបុណ្យខាងលិច)
ដែលមានតម្កល់បដិមាលង្ហិនមួយ នៃព្រះវិស្ណុដែលកំពុងផ្ទំ។ ព្រះអង្គចូលទីវង្គត(១០៦៦)
គេមិនស្គាល់មរណនាមរបស់ព្រះអង្គទេ។
ក្នុងវិស័យនយោបាយក្នុងប្រទេស
តាមសិលាចារឹកព្រះងោកបាឲ្យដឹងថា ក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ មានការបះបោរជាច្រើន
នៅភាគខាងត្បូងហើយ គ.ស១០៦៥ នៅតំបន់ពាយ័ព្យ ការបះបោរវាយកំទេចសិវលិង្គ
និងទេវបដិមានៅគ្រប់ទិស ហើយការបះបោរដ៏ធ្ងន់ឡើងគឺនៅភាគខាងកើតនៃប្រទេស។
ព្រះបាទឧទយាទិត្យវរ្ម័នទី២
ចូលទីវង្គតនៅ គ.ស ១០៦៦។ គេមិនបានស្គាល់មរណនាមរបស់ព្រះអង្គទេ។
ព្រះរាជអនុជពៅរបស់ព្រះអង្គមានព្រះនាមហស៌វរ្ម័នទី៣ ឡើងសោយរាជ្យស្នងពីព្រះអង្គ។
ក្រោយពីបានទទួលរាជសម្បត្តិ ព្រះអង្គយកព្រះទ័យទុកដាក់ក្នុងការកសាងប្រទេសជាតិឡើងវិញ។
៥. ព្រះបាទហស៌វរ្ម័នទីទី៣ (១០៦៦ ដល់ ១០៨០)
ក្រោយពីទទួលរាជសម្បត្តិហើយ
ព្រះអង្គបានយកព្រះហឫទ័យទុកដាក់នឹងការកសាងជាតិឡើងវិញ។ តែព្រះអង្គត្រូវជួបសង្គ្រាមពីរលើកដ៏ធ្ងន់ធ្ងរ
ដែលត្រូវច្បាំងជាមួយយួនដៃវៀត។ នៅ គ.ស ១០៧៦ ព្រះអង្គម្ចាស់ ប៉ាង
អនុជស្តេចចាមបានលើកទ័ពចូលវាយយក ក្រុងសម្ភុបុរ ដោយបំផ្លាញចោលនូវវាល័យទាំងអស់
ហើយកៀរខ្មែរយកទៅធ្វើជាឈ្លើយជាមួយអស់ជាច្រើន។
ទ័ពខ្មែរដែលដឹកនាំដោយក្សត្រ ស្រីនន្ទវម៌ទេវ ត្រូវទទួលបរាជ័យនៅ សោមេស្វរ
(គេមិនស្គាល់កន្លែងច្បាស់) ប៉ុន្តែសន្តិភាពបានកើតឡើងវិញនៅ គ.ស ១០៨០។
ហើយនៅ គ.ស ១០៧៦
ទ័ពខ្មែរត្រូវចិនប្រទាញឲ្យទៅជួយវាយយួនដៃវៀត។ យ៉ាងណាមិញនៅឆ្នាំនោះទ័ពចិននៃរាជវង្សសុង
ក្រោមបញ្ជាការរបស់មេទ័ពឈ្មោះ ក្វាចគ្វី បានលើកពីឡាងសឹងសំដៅចុះមកហាណូយ
ឯទ័ពខ្មែរ និងចាមចូលវាយលុកតំបន់ងេអាន។ គ្រានោះ ស្តេចយួនអោយ លីធឿង កៀត លើកទ័ពទៅតទល់នឹងចិន
តែមិនចាញ់មិនឈ្នះ។ ដោយឃើញទ័ពខ្លួនត្រូវស្លាប់អស់ជាងពាក់កណ្តាល (ជាង៤ម៉ឺននាក់) ចិនក៏ព្រមដកទ័ពថយ។ ព្រះអង្គសោយទីវង្គតនៅឆ្នាំ
១០៨០ ហើយទទួលមរណនាមថា សទាសិវបទ។
៦. ព្រះបាទជ័យវរ្ម័នទី៦ (១០៨០ ដល់ ១១០៧)
ព្រះបាទជ័យវរ្ម័នទី៦
បានសោយរាជបន្តពីព្រះបាទហស៌វរ្ម័នទី៣ នៅរាជធានីអង្គរ ដែលមានព្រះនាម ព្រះបាទនឬតីន្រ្ទវរ្ម័ន
(១០៨០ ១១១៣ ) សិលាចរិកភ្នំរុង បានឲ្យដឹងថានៅក្នុងពេលជាមួយគ្នានោះដែរ មានស្តេចដែលគ្រងទឹកដីនៅឯក្រុងមហីធបុរ
ដែលមិនស្គាល់ទីកន្លែងពិតប្រាកដ ប្រហែលនៅខាងជើងឆៀងខាងលិច
ត្រង់វាលទំនាបខាងលើនៃទន្លេមូន។ ស្តេចទី២នេះត្រូវបានយកព្រះនាមថាជ័យវរ្ម័នទី៦។ តាមជីវប្រវត្តិដែលគេបានដឹង
តាមរយៈសិលាចារឹកភ្នំរុងនេះ ឃើញថាស្តេចជ័យវរ្ម័នទី៦ ពុំមានជាប់សាច់ញាតិជាមួយនឹងរាជវង្សមុនៗ ដែលជាស្តេចសោយរាជ្យនៅអង្គរទេ
គេគ្រាន់តែដឹងថាព្រះអង្គជាបុត្រស្តេចហិរណ្យវរ្ម័ន និងព្រះនាងហិរណ្យសក្ម្សី។
ហើយព្រះអង្គក៏បានកសាងនៅភ្នំសណ្ត
នៅភ្នំព្រះវិហារនៅវត្តភូ និងនៅភិម៉ៃ (ខាងពុទ្ធសាសនា)
ពេលដែលព្រះអង្គចូលទីវង្គតព្រះអង្គទទួលមរណនាមថា បរមកៃវល្យបទ។
៧. ព្រះបាទធរណីន្រ្ទវរ្ម័នទី១ (១១០៧ ដល់ ១១១៣)
ព្រះបាទជ័យវរ្ម័នទី៦
ពុំមានបុត្រស្នងរាជ្យទេ រាជសម្បត្តិត្រូវផ្ទេរទៅរាមច្បង ព្រះបាទធរណីន្រ្ទវរ្ម័នទី១ ដែលត្រូវជាព្រះរៀមច្បងនៃព្រះបាទជ័យវរ្ម័នទី៦
នៅ គ.ស១១០៧។ បើតាមសិលាចារឹកបានឲ្យដឹងថា
ដំបូងព្រះបាទធរណីន្រ្ទវរ្ម័នទី១ ព្រះអង្គមិនចង់ទទួលរាជសម្បត្តិទេ
តែក្រោយទទួលរាជសម្បត្តិ
ព្រះអង្គបានយកបានចិត្តទុកដាក់លើការគ្រប់គ្រងប្រទេសជាតិយ៉ាងសំខាន់។
ព្រះអង្គបានបន្តការកសាង
និងស្ថាបនាសមិទ្ធិផលនានាដែលបានធ្វើខ្លះរួចមកហើយក្នុងរាជ្យមុនៗ
ដើម្បីឲ្យទទួលនូវផលវិជ្ជមាន។ នៅឆ្នាំ ១១១៣ ព្រះអង្គត្រូវបានចៅមីងព្រះអង្គដណ្តើមរាជ។
៨. ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣ ដល់ ១១៥០)
សិលាចារិកវត្តភូ ថាព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់បានឡើងសោយរាជ្យដោយបង្រួមអាណាចក្រពីរ។
បើតាមន័យនេះអាណាចក្រទី១ គឺជារបស់ធរណីន្រ្ទទី១ ដែលគេមិនស្គាល់រាធានីពិប្រាកដ
(មហីធបុរៈ) ឯអាណាចក្រទី២ គឺជារបស់នឫតិន្រ្ទវរ្ម័ន
ដែលបានសោយរាជ្យនៅអង្គរតាំងពីឆ្នាំ១០៨០ម៉្លេះ។ គឺព្រាហ្មណ៍ទីវករ
ដែលបានរៀបចំពិធីអភសេកព្រះបានសូរ្យវរ្ម័នទី២ ជាស្តេចសោយរាជ្យនៅអង្គរនៅឆ្នាំ១១១៣។
ក្នុងវិស័យសង្គ្រាម
ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់បានធ្វើចម្បាំងច្រើនលើកច្រើនសាណាស់។ នៅផ្នែកខាងកើត
ព្រះអង្គបានធ្វើចម្បាំងជាមួយនឹងពួកយួនដៃវៀត រួចទៅធ្វើចម្បាំងជាមួយនឹងចម្ប៉ាទៀត។
បុព្វហេតុនៃចម្បាំងគឺបណ្តាលមកពីយួនដៃវៀត
ចេះតែអនុញ្ញាតឲ្យពួកខ្មែរដែលក្បត់នឹងព្រះរាជាឬប្រទេសជាតិ និងពួកចាមដែលប្រឆាំងនឹងខ្មែរឲ្យចូលជ្រកកោនក្នុងប្រទេសរបស់ខ្លួន
(គ.ស១១២៣ ១១២៤)។ នៅ គ.ស១១១៣ ទ័ពចំរុះខ្មែរ ចាម បានវាយលុកតំបន់ ង៉េ អាន
តែត្រូវដកថយឲ្យមកវិញ។
នៅគ.ស១១៣៨
ព្រះបាទសូរ្យវរ្ម័នទី២ លើកទ័ពទៅវាយដៃវៀតម្តងទៀត តែការធ្វើការធ្វើចម្បាំងលើកនេះ ស្តេចចាមព្រះនាមជ័យឥន្រ្ទវរ្ម័នទី៣
មិនព្រមឲ្យពួកចាម ចូលរួមសហការជាមួយខ្មែរ
ព្រះអង្គក៏លើកទ័ពចូលវាយប្រទេសចម្ប៉ាម្តងវិញ ហើយកាន់កាប់បានរាជធានីវិជ័យ
ពីឆ្នាំ១១៤៥ ដល់ ១១៤៩។ ស្តេចចាមមួយអង្គទៀតនាមជ័យហរិវរ្ម័នទី១
ក្រោយពីបានឡើងសោយរាជ្យនៅបាណ្ឌុរង្គ ត្រូវចេញប្រយុទ្ធជាមួយនឹងទ័ពចំរុះខ្មែរ-ចាម ក្រោមបញ្ចាការរបស់សេនាបតីសង្ករ ហើយបានទទួល ជោគជ័យនៅរាជបុរ
នៅទីបំផុតនៅមហីសដោយធ្វើគត់បានព្រះអង្គម្ចាស់ហរិទេវ ហើយឡើងសោយរាជ្យនៅវិជ័យ
គ.ស១១៤៩។
នៅផ្នែកខាងលិចប្រទេសវិញ
ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់បានធ្វើចម្បាំងជាមួយពួក។ ពត៌មានទាំងនេះគេបានមកពីកាលប្បវត្តិនៃក្សត្របុរីថៃ
នៅវាលទំនាបខាងលើនៃទន្លេមេណាម។
ឯកសារទាំងនោះបាននិយាយរៀបរាប់ពីចម្បាំងរវាងពួកកម្ពោជ (ខ្មែរ) នៅល្វោនិងពួករាមញ្ញ
(មន) នៅហរិបុញ្ជ័យ ។ បុព្វហេតុគឺបណ្តាលមកពីស្តេចមនឈ្មោះអាទិត្យរាជ
ដែលបានឡើងសោយរាជ្យនៅល្វោ ត្រូវទ័ពខ្មែរដេញតាមរហូតដល់ក្រុងហរិបុញ្ជ័យ។
ទឹកដីខ្មែរនៅសម័យនៃការគ្រប់គ្រងដោយព្រះបាទសូរ្យវរ្ម័នទី២ បានរីកធំទូលាយណាស់
ដោយមានឯកសារចិនបញ្ជាក់ទៀតផងថា ខាងជើងឆៀងខាងកើតទល់នឹងចម្ប៉ា
ខាងកើតទល់នឹងសមុទ្រ ខាងលិចទល់នឹងចក្រភពបូកាន (ភូមា) ខាងត្បូងទល់ នឹងកៀឡូហ៊ី
(នៅលើជ្រោយមលយូ)។
ក្នុងវិស័យសំណង់ព្រះបាទសូរ្យវរ្ម័នទី២
ទ្រង់បានបន្តការស្ថាបនាសមិទ្ធិផលនានាជាច្រើន មានដូចជាប្រាសាទ ភ្នំជីសូរ
ប្រាសាទភ្នំសណ្តក ប្រាសាទវត្តភូ បា្រសាទព្រះវិហារ។ ចំណែកឯសំណង់ថ្មីមានជាអាទិ
ប្រាសាទព្រះពិធូរ ប្រាសាទចៅសាយទេវតា និងធម្មានន្ទ បន្ទាយសំរែ និងប្រាសាទ អង្គរវត្ត
ដែលជាស្នាដៃឯកសិល្បៈខ្មែរ ប្រាសាទ នេះសង់ឡើងដើម្បីតម្កល់ព្រះវិស្ណុបដិមា។
អង្គរវត្ត នៅតែជាប្រាសាទភ្នំដដែល តែការតម្កល់បដិមាតំណាងព្រះរាជាលែងមានជាសិវលិង្គ
ដូចជានៅប្រាសាទមុនៗទៀតហើយ ប្រាសាទអង្គរវត្ត នេះមានការតម្កល់បដិមា ដែលជាព្រះវិស្ណុទៅវិញ។
គេមិនដឹងប្រាកដ ថាតើព្រះបាទសូរ្យវរ្ម័នទី២ ព្រះអង្គសោយទីវង្គតនៅឆ្នាំណាទេ។
r&s
No comments:
Post a Comment